អារម្មណ៍ភាគខាងត្បូងនៃកោះជេជូដ៏ស្រស់បំព្រង
“តោះចាកចេញទៅ, មានតែយើងពីរនាក់, ទុកអ្វីៗទាំងអស់ចោលក្នុងរាត្រីដ៏ខៀវស្រងាត់នៅកោះជេជូ, នៅក្រោមតារាទាំងអស់នោះ…”
លើកនេះខ្ញុំ បានទៅលេងកោះជេជូគឺជា កោះដ៏ធំបំផុតនិងស្ថិតនៅភាគខាងត្បូងប្រទេសកូរ៉េដែលមានបរិយាកាសប្លែកនិងមិនដូចតំបន់ផ្សេងៗនៅលើគោកឡើយ។
វាប្រៀបបានទៅនឹងទំនុកច្រៀង “រាត្រីដ៏ខៀវស្រងាត់លើកោះជេជូ”ដែលវាជាដំណើរកំសាន្តដ៏សុខស្រួល និងមានសេរីភាពសំរាប់ការសំរាក និងមិនមែនសំរាប់ការទស្សនាដ៏នឿយហត់និងរវល់នោះទេ។
![]()
ពួកយើងបារម្ភថា ពួកយើងនឹងមិនបានទស្សនាកោះជេជូជាមួយនឹងពន្លឺថ្ងៃ ដោយសារតែការចេញដំណើរយឺតយាវ និងអាកាសធាតុមិនល្អ ប៉ុន្តែសំណាងល្អយើងបានឃើញនូវភ្នំហាល់ឡាដ៏ស្រពិចស្រពិលពីចំងាយនៅពេលដែលយើងទៅដល់ទីនោះ។
ពួកយើងស្ថិតនៅលើកោះជេជូ ដែលអាចហៅមួយទៀតបានថា “សាមដាដូ” (របស់បីយ៉ាងដែលងាយស្រួលរកនៅជេជូ) ពីព្រោះអ្នកអាចប្រទះឃើញយ៉ាងងាយស្រួលនូវ ដុំថ្ម, ខ្យល់ និងនារីៗ។ ភ្លាមៗក្រោយពីពួកយើងចុះពីលើយន្តហោះ ខ្យល់ដ៏ខ្លាំងបានស្វាគមន៍ពួកយើង “អូ! ឥឡូវនេះខ្ញុំបារម្ភអំពីថ្ងៃស្អែកហើយ។”
ខ្ញុំត្រូវប្រញ៉ាប់ទៅជួបគេនៅអាកាសយានដ្ឋាន និយាយគ្នាអំពីទីកន្លែងដែលខ្ញុំ គួរតែទៅទស្សនា ហើយបន្ទាប់មកក៏ទៅសំរាកនៅសណ្ឋាគារជិតអាកាសយានដ្ឋាន។
យូរីនេ 유리네
លើសពីនេះទៅទៀត វាត្រូវបានគេជ្រើសរើសជា ភោជនីយដ្ឋានម្ហូបកូរ៉េមួយក្នុងចំនោម១០០ដោយក្រសួងវប្បធម៌ហើយ មនុស្សល្បីៗតែងតែចូល នៅពេលពួកគេមកជេជូ។
NX300 | f/4.0 | iso 100 | 2014:05:11 19:51:13 | Flash did not fire. | 18mm
ពេលពួកយើងចូលក្នុងភោជនីយដ្ឋានទាំងពាក់កណ្តាលដឹងខ្លួននិង ពាក់កណ្តាលគេងនោះ យើងបានដឹងខ្លួនម្តងទៀតថាពួកយើងកំពុងស្ថិតនៅជេជូ។
នៅច្រកចូលមានធុលហារឺប៉ាង(លោកតាថ្ម) ជានិមិត្តសញ្ញានៃកោះជេជូបានកំពុងស្វាគមន៍ពួកយើង ដូចជាបុគ្គលិករបស់ភោជនីយដ្ឋានអញ្ចឹងដែរ។
ហាហាហា…គ្មាននរណាម្នាក់បញ្ជាពួកយើងឡើយ ប៉ុន្តែរាល់គ្នាដឹងពីរឿងព្រេងថា ពួកយើងនឹងអាចមានកូនប្រុស បន្ទាប់ពីពួកយើងប៉ះច្រមុះរបស់ធុលហារឺប៉ាង(លោកតាថ្ម) ដូច្នេះហើយ អ្នករាល់គ្នាដាក់វេនគ្នាក្នុងការប៉ះមុខរបស់គាត់ ហើយដើរចូលក្នុងភោជនីយដ្ឋានជាមួយស្នាមញញឹមនៅលើមុខរបស់ពួកយើង។
ពេលនោះជាចន្លោះពេលរវាងពេលព្រឹក និងពេលថ្ងៃត្រង់ ដូចនេះ ភោជនីយដ្ឋានមានកន្លែងទំនេរច្រើន ប៉ុន្តែពួកយើងត្រូវតែប្រញ៉ាប់ចាប់យកកន្លែងអង្គុយអោយលឿន ពីព្រោះវានឹងមានមនុស្សចូលមកភោជនីយដ្ឋាននេះបន្តិចទៀតមិនខាន។
គ្រាន់តែខ្ញុំអង្គុយទីនោះភ្លាម ខ្ញុំបានឃើញនូវហត្ថលេខារបស់ប្រធានាធិបតេយ្យ និងមនុស្សដែលយើងឃើញក្នុងទូរទស្សន៍ រឺក៏ក្នុងពត៌មាន។ ហត្ថលេខាទាំងនោះហាក់បីដូចជាការតុបតែងផ្នែកខាងក្នុងដ៏ល្អឥតខ្ចោះ។
![]()
យូរីនេលក់ភាគច្រើននូវមុខម្ហូបក្នុងស្រុករបស់ជេជូ ប៉ុន្តែមិត្តភក្តិរបស់ខ្ញុំបានប្រាប់ខ្ញុំ កុំអោយកុម៉្មង់ ម្ហូបណាដែលមានឈ្មោះទំនងញ៉ាំ។
ជាពិសេសមុខម្ហូបដែលស្រដៀងទៅនឹង មុខម្ហូបនៅលើដីគោក ព្រោះវាអាចខុសគ្នាទាំងស្រុងតែម្តង ដូច្នេះអ្នកគួរតែសួរទៅបុគ្គលិកមុនសិន ប្រសិនបើអ្នកចង់កុម្ម៉ង់អ្វីមួយនោះ។
បន្ទាប់ពីបានមើលតារាងមុខម្ហូបរួច ពួកយើងបានកុម្ម៉ង់មុខម្ហូបដែលល្បីនិង ជាមុខម្ហូបតំណាងអោយភោជនីដ្ឋានគឺ«ថូសេគីមូមគុក» និង«ផូម៉ាល់សង់គេមីយ៉កគុក»។
ក្រោយនោះបន្តិចមក អាហារសំរន់ត្រូវបានដាក់នៅលើតុ ហើយរសជាតិមិនសូវខុសពីអ្វីដែលខ្ញុំធ្លាប់ញ៉ាំឡើយ។ តើខ្ញុំរំពឹងទុកខ្លាំងពេកមែនទេ?
បន្លែពណ៌បៃតងមានរសជាតិមិនដូចជា Spinachទេ ប៉ុន្តែមិត្តភក្តិខ្ញុំដែលរស់នៅទីនោះនិយាយថា វាជាSpinach។ ខ្ញុំនៅតែនិយាយថា វាមិនមែនទេ ជាលទ្ធផលខ្ញុំត្រូវបានគេប្រាប់ថា
រសជាតិនោះបែបខុសពីអ្វីដែលខ្ញុំធា្លប់ញ៉ាំ ពីព្រោះប្រជាជននៅលើកោះជេជូ ប្រើទឹកសណ្តែកសៀង ជំនួសអោយទឹកស៊ីអ៊ីវ រឺក៏អំបិល។
![]()
កំឡុងពេលដែលពួកយើងកំពុងធ្វើការជជែកវែកញែកអំពី Spinach, មុខម្ហូប «ថូសេគីមូមគុក»បានមកដល់។
មុខម្ហូបនេះធ្វើពី«ថូសេគី» មានន័យថាសត្វជ្រូក ដែលគេប្រើនៅលើកោះជេជូ យកទៅរំងាស់រហូតដល់សាច់វាទន់ ហើយបន្ទាប់មក យកវាមករំងាស់ជាមួយគ្រាប់ gulfweed។
វាពិបាកនៅក្នុងការហៅមុខម្ហូបនេះថាជាស៊ុប រឺក៏ជីគេ(សំឡកូរ៉េ) ប៉ុន្តែវាមានរសជាតិដូចនឹង ខាមចាថាំង (ស៊ុបឆ្អឹងខ្នងជ្រូក)ដែលរំងាស់យូរម៉ោង។
ទោះជាយ៉ាងនេះក៏ដោយ វាមានរសជាតិឆ្ងាញ់គ្រាន់បើ បើយើងដាក់គីមឈីបន្តិចនៅលើបាយ ហើយញ៉ាំវា, បន្ថែមពីលើនេះ ខ្ញុំមានអារម្មណ៍ថា មុខម្ហូបនេះធ្វើអោយក្រពះយើងស្រួល និងដូចជាបបរអញ្ចឹង ពីព្រោះវាមានរសជាតិដិតបន្តិច។
មុខម្ហូបបន្ទាប់គឺ ផូម៉ាល់សង់គេមីយ៉កគុក ។ ពាក្យថា ផូម៉ាល់ គឺជាក្រៀមភាសារបស់ជេជូ សំរាប់ហៅសត្វខ្យង ហើយម្ហូបនេះល្បីល្បាញនៅតំបន់សខ្វីផូ ភាគខាងត្បូងកោះជេជូ។
វាងាយស្រួលរក ប៉ុន្តែរសជាតិ និងសារធាតុចិញ្ចឹមរបស់វាគឺដូចទៅនឹងសាច់សត្វអញ្ចឹងដែរ ហើយគេតែងនិយាយថា «ផូម៉ាល់គឺជាសាច់សត្វ។»ដែលបានក្លាយជាមុខម្ហូបដ៏ល្បីមួយនៃកោះជេជូ។
ប្រសិនបើ អ្នករំងាស់វាជាមួយស៊ុបសារ៉ាយសមុទ្រ និងដាក់ផ្នែកពណ៌លឿងដែលមានក្នុង Urchinនោះ ស៊ុបនេះពិតជាមានរសជាតិដូចទៅនឹងសមុទ្រ ហើយនិងមានរសជាតិដិតជាងស៊ុបសារាយសមុទ្រដែលខ្ញុំធ្លាប់ញ៉ាំពីមុនៗមក។
អ្វីដែលខ្ញុំមិនចូលចិត្ត គឺម្ហូបទាំងនោះដូចជាប្រៃបន្តិចសំរាប់ខ្ញុំ ព្រោះខ្ញុំញ៉ាំម្ហូបរាងសាបបន្តិច ប៉ុន្តែវាមានគុណសម្បត្តិច្រើនត្រង់ថា ភោជនីយដ្ឋាននេះផ្តល់ជូននូវមុខម្ហូបគ្រប់គ្រាន់សំរាប់អោយយើងមានពេលវេលាសាកនូវម្ហូបពិសេសៗពីជេជូ។ អ្នកទាំងអស់គ្នាអាចសាកល្បងញ៉ាំម្ហូបក្នុងស្រុកពីតំបន់ផ្សេងៗនៅក្នុងកន្លែងតែមួយបាន ថែមទាំងភោជនីយដ្ឋាននេះនៅជិតអាកាសយានដ្ឋានផងនោះ ខ្ញុំសូមណែនាំអោយអ្នកទាំងអស់គ្នាសាកល្បងចូលទីនោះម្តង។
អាស័យដ្ឋាន៖ ៤២៧-១, យ៉នដុង, ទីក្រុងជេជូ, កោះជេជូ (제주특별자치도 제주시 연동 427-1)
លេខទូរស័ព្ទ៖ ០៦៤-៧៤៨-០៨៩០
ម៉ោងធ្វើការ៖ ០៩៖០០-២០៖៣០ (បិទនៅថ្ងៃសំរាកជាតិ)
ជេជូជេត 제주제트
កំឡុងពេលដែលពួកយើងបានស្នាក់នៅជេជូ ពួកយើងបានដឹងពីសារពត៌មានថា អាកាសធាតុនឹងកាន់តែអាក្រក់ឡើងនៅឆ្នេរសមុទ្រ។
ដូច្នេះហើយ គ្រាន់តែកប៉ាល់មានមនុស្សពេញភ្លាម វាបានចាកចេញទៅកាន់តំបន់នៅក្បែរខាងនៃរមនីយដ្ឋានឈូងមូនដែលមានទីតាំងនៅភាគខាងត្បូងជេជូមុននឹងរលកសមុទ្រកាន់តែធំ។
មូលហេតុដែលធ្វើអោយ ខ្ញុំចាកចេញពីភាគខាងជើងជេជូទៅ ឆ្នេរសមុទ្រនៅឈូងមូន ដោយសារតែ ខ្ញុំចង់សាកល្បងជិះទូកជេត ដែលរត់ និងស្ទើរតែហោះលើសមុទ្រ។
វាមានកន្លែងពីរបី ក្នុងការសាកល្បងជិះទូកជេត ប៉ុន្តែនៅថ្ងៃនោះ ជេជូជេតគឺជាហាងតែមួយគត់ដែលបើក និងជាហាងល្បីជាងគេបំផុត ហើយខ្ញុំថែមទាំងបានអង្វរអ្នកដែលខ្ញុំស្គាល់រស់នៅជេជូ អោយសូមម្ចាស់ហាងពន្យារពេលម៉ោងបើកយូរជាងនេះបន្តិចសំរាប់ពួកយើង។
ទូកជេតត្រូវការមនុស្សយ៉ាងហោចណាស់៨នាក់ ដើម្បីចាប់ផ្តើម ហើយស្រី្តមានផ្ទៃពោះរឺក៏មនុស្សដែលពិបាកក្នុងការធ្វើដំណើរ មិនត្រូវបានអនុញ្ញាតអោយជិះទូកនេះឡើយ ដោយហេតុថា វានឹងអាចធ្វើអោយខ្នងរបស់អ្នកភ្ញោចទៅតាមរលកសមុទ្រ ដែលរលកសមុទ្រនេះមានសភាពខុសគ្នារាល់ថ្ងៃ។
បន្ទាប់ពីពួកយើងបានទិញសំបុត្រហើយ ពួកយើងបានចុះក្រោម២០ម៉ែត្រ ទៅកន្លែងឡើងជិះ និងដំបូងអ្វីដែលខ្ញុំឃើញនោះគឺ សមុទ្រពោរពេញទៅដោយដុំថ្មប្រហោង និងថ្មពពុះពណ៌ខ្មៅ។
ខ្ញុំបានខ្សឹបថា “អូ, ពួកយើងពិតជានៅកោះជេជូមែនតើ” ហើយខ្ញុំពាក់អាវភ្លៀងនិង អាវពោងនៅកន្លែងឡើងជិះជិតឆ្នេរសមុទ្រថ្មពពុះ។
ដំបូងឡើយខ្ញុំបានគិតថា “តើខ្ញុំត្រូវតែពាក់អាវពោងនេះមែនទេ?” ប៉ុន្តែភ្លាមនោះខ្ញុំបាននឹកឃើញលើកចុងក្រោយដែលខ្ញុំបានជិះវា ដូចនេះហើយខ្ញុំបានរឹតអាវពោងរបស់ខ្ញុំហើយឡើងជិះវា។
យើងមិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់ម៉ាស៊ីនថតនៅលើទូកទេ ដូច្នេះខ្ញុំបានប្រើរូបថតដែលខ្ញុំយកពីគេហទំព័រមក។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេថតរូបរបស់អ្នកទាំងអស់គ្នាមុនពេលទូកចេញដំណើរ អញ្ចឹងហើយ អ្នកអាចទិញវាបាននៅការិយាល័យលក់សំបុត្រជាមួយតំលៃដ៏សមរម្យ។
ជេជូជេតចំនាយពេល២០នាទី ហើយវាធ្វើដំណើរទៅមករវាងផែឈូងមូន និងឈូសាងឆល់លី។
ទូកនេះធ្វើដំណើរដូចអក្សរSនៅលើផ្លូវ ហើយនៅពេលដែលអ្នកបើកទូកលើកមេដៃឡើងមានន័យថា ទូកនឹងបត់១៨០ដឺក្រេជុំវិញ។
ដូច្នេះនៅពេលដែលមេដៃរបស់គាត់លើកឡើង រាល់អ្នកជិះទាំងអស់ស្រែក និងរំភើបដូចបានជិះនៅសួនកំសាន្តអញ្ចឹងដែរ។
![]()
រាល់ទូកជេតទាំងអស់មាន ៤ជួរហើយបើសិនជាខ្ញុំប្រាប់អ្នកពីរឿងសំងាត់របស់វានោះ គឺថាអ្នកដែលជិះនៅគៀន និងខាងក្រោយនោះនឹងសប្បាយ ហើយទទឹកជាងកន្លែងផ្សេងៗ។
ហេតុនេះហើយ ខ្ញុំបានអង្គុយនៅកៅអីខាងស្តាំនៃជួរចុងក្រោយគេ។ នៅពេលខ្ញុំត្រឡប់មកវិញ មុខរបស់ខ្ញុំស្ពឹកដោយសាររលកនិងទឹកសមុទ្រ។
សេវាទូកជេតមានរាល់រដូវកាលទាំងអស់ ហើយបើអ្នកទិញសំបុត្រតាមអនឡាញ អ្នកនឹងទទួលការបញ្ចុះតំលៃពី៣០-៤០%។
វាជាពេលវេលាដ៏ខ្លីមួយ តែខ្ញុំជឿថាវាជាវិធីមួយដើម្បីបង្កើតអនុស្សាវរីយ៏ នៅលើកោះជេជូ ព្រោះមិនមែនអ្នកអាចរីករាយបានជាមួយការកំសាន្តលាយនិងកីឡាដ៏អស្ចារ្យនេះបានគ្រប់ទីកន្លែងឡើយ។
អាស័យដ្ឋាន៖ ២១៨១-៦, ថេផូធូង, ក្រុងសខ្វីផូ, កោះជេជូ (제주특별자치도 서귀포시 대포동 2181-6)
ទូរស័ព្ទ៖ ០៦៤-៧៣៩-៣៩៣៩
ម៉ោងធ្វើការ៖ ០៧៖០០-១៧៖០០ (មកដល់ម៉ោង១៧)
គេហទំព័រ៖ http://www.jejujet.co.kr/






